Skip to content

តូតាល់បន្តសហការជាមួយ BWF រហូតដល់ឆ្នាំ 2021

TotalEnergies​ Continues Partnership with BWF until 2021

សិង្ហបុរី៖ នៅថ្ងៃទី 11 ខែមករា ឆ្នាំ 2018– ក្រុមហ៊ុនយក្សផ្នែកថាមពល តូតាល់បានប្រកាសនៅថ្ងៃនេះអំពីការបន្តសហការរយៈពេលបីឆ្នាំជាមួយសហព័ន្ធកីឡាវាយសីពិភពលោក (BWF) រហូតដល់ឆ្នាំ 2021។ តាមរយៈភាពជាដៃគូនេះតូតាល់អ៊ិនណឺជីស៍នឹងពង្រឹងជំហររបស់ខ្លួនក្នុងនាមជា ‘ដៃគូថាមពលផ្លូវការ’ ដោយធ្វើជាអ្នកឧបត្ថម្ភផ្លូវការសម្រាប់ការប្រកួត HSBC BWF World Tour ដែលទើបតែបង្កើតថ្មី (កម្រិត 1 ដល់កម្រិត 4) និងការប្រកួត HSBC BWF World Tour វគ្គផ្ដាច់ព្រ័ត្រ ដែលពីមុនការប្រកួតទាំងពីរនេះមានឈ្មោះថា BWF World Superseries និង BWF World Superseries វគ្គផ្ដាច់ព្រ័ត្រ។

តូតាល់អ៊ិនណឺជីស៍ក៏នឹងបន្តក្នុងនាមជាអ្នកឧបត្ថម្ភធំបំផុតសម្រាប់ព្រឹត្តិការណ៍សំខាន់ៗរបស់ BWF ទាំងអស់ (TOTAL BWF Sudirman Cup, TOTAL BWF Thomas and Uber Cup វគ្គផ្ដាច់ព្រ័ត្រ, TOTAL BWF World Championships)។

“នៅតូតាល់អ៊ិនណឺជីស៍ យើងជឿជាក់យ៉ាងមុតមាំថា តម្លៃសំខាន់របស់យើងស្របតាមភាពស្វាហាប់ និងភាពច្បាស់លាស់ដែលបង្ហាញនៅក្នុងកីឡាវាយសី។ យើងរីករាយក្នុងការបន្តការគាំទ្ររបស់យើងចំពោះកីឡានេះបីឆ្នាំទៀត ដោយផ្ដោតលើវិសាលភាពដែលបានពង្រីក។ ដោយបានសហការជាមួយ BWF តាំងពីឆ្នាំ 2015 យើងមានក្ដីសោមនស្សដែលបានបង្កើនឱកាសមើលឃើញម៉ាករបស់តូតាល់អ៊ិនណឺជីស៍ដោយជោគជ័យ និងបានពង្រឹងឥទ្ធិពលរបស់យើងនៅក្នុងតំបន់” លោក Christian Cabrol អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ និងសេវាកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ាបានមានប្រសាសន៍។

លោក Cabrol បានបន្ថែមថា ភាពជាដៃគូនេះក៏ផ្ដល់លទ្ធភាពឱ្យតូតាល់អ៊ិនណឺជីស៍បន្តចំណាប់អារម្មណ៍ដ៏ស្វាហាប់លើកីឡាវាយសី ខណៈបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះកីឡាជាសកលដូចជា កីឡាប្រណាំងយានយន្ត បាល់ទាត់ និងវាយកូនគោលលើទឹកកក។

TOTAL BWF Partnership Photo Op

លោក Stephane Lagrue អនុប្រធានផ្នែកជំនាញឯកទេសទីផ្សារ និងសេវាកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា បានបញ្ចេញមតិអំពីការគាំទ្ររបស់តូតាល់អ៊ិនណឺជីស៍ចំពោះកីឡាវាយសីថា “ថ្មីៗនេះ តូតាល់អ៊ិនណឺជីស៍បានរួមបញ្ចូលរបកគំហើញច្នៃប្រឌិតថ្មីមួយដែលគេស្គាល់ថាជា QUARTZ ដែលប្រើបច្ចេកវិទ្យារក្សាអាយុកាលប្រើប្រាស់បានយូរនៅក្នុងផលិតផលរបស់យើង ដោយផ្ដល់នូវសមត្ថភាពខ្ពស់ជាងមុន ភាពធន់ក្នុងកម្រិតកំពូល និងភាពល្អឥតខ្ចោះក្នុងការការពារម៉ាស៊ីន។ យើងជឿជាក់ថាលក្ខណសម្បត្តិនៃផលិតផលទាំងនេះមានអត្ថន័យដូចទៅនឹងកីឡាវាយសីដែរ ហើយយើងមានទំនុកចិត្តថាភាពជាដៃគូនេះនឹងបន្តជំរុញការស្គាល់ម៉ាក និងបង្កើតឱកាសអាជីវកម្មសម្រាប់យើងនៅក្នុងតំបន់ ដែលលើសពីទីលានយានយន្តបែបប្រពៃណី។”

ប្រធាន BWF លោក Poul-Erik Høyer បានថ្លែងអំណរគុណដល់តូតាល់សម្រាប់ការប្ដេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនចំពោះកីឡាវាយសី និងគោលបំណងជាសកលរបស់ BWF។

“យើងពិតជារីករាយដែលតូតាល់អ៊ិនណឺជីស៍បានបន្តភាពជាដៃគូរបស់ខ្លួនជាមួយ BWF រហូតដល់ឆ្នាំ 2021។ ខណៈដែលយើងខិតខំធ្វើឱ្យកីឡាវាយសីមានភាពពេញនិយមទូទាំងពិភពលោក យើងត្រូវការការគាំទ្រអស់ពីចិត្ត និងសេចក្ដីសាទរពីកម្លាំងដ៏ស្វាហាប់ដូចជាតូតាល់។

“BWF ទទួលបានការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅពីការប្ដេជ្ញាចិត្តរបស់តូតាល់អ៊ិនណឺជីស៍ក្នុងការជួយសម្រេចចក្ខុវិស័យរបស់យើងក្នុងនាមជាសហព័ន្ធអន្តរជាតិទទួលបន្ទុកផ្នែកកីឡាវាយសី”។