Skip to content

ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យថាមពលកាន់តែប្រសើរឡើង

Better energy sunrise

ក្នុងនាមជាក្រុមហ៊ុនឈានមុខមួយផ្នែកថាមពលក្នុងសកលលោក តូតាល់គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រេង និងឧស្ម័នដែលជាប់ចំណាត់ថ្នាក់ទីបួនក្នុងពិភពលោក និងជាអ្នកដើរតួដ៏សំខាន់ផ្នែកថាមពលដែលមានសារធាតុកាបូនតិច។ យើងធ្វើប្រតិបត្តិការនៅ 130 ប្រទេស និងមានបុគ្គលិកចំនួន 100,000 នាក់។ យើងរុករក ផលិត បំប្លែង ធ្វើទីផ្សារ និងចែកចាយថាមពលក្នុងទម្រង់ផ្សេងៗជាច្រើន ដើម្បីបម្រើអតិថិជនចុងក្រោយ។ យុទ្ធសាស្ត្ររបស់តូតាល់គឺដើម្បីក្លាយជាក្រុមហ៊ុនចម្បងដែលទទួលខុសត្រូវផ្នែកថាមពល ដែលផ្ដល់ថាមពលស្អាត (មិនប៉ះពាល់ដល់បរិយាកាស) ទុកចិត្តបាន និងមានតម្លៃសមរម្យដល់មនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន។
តម្រូវការថាមពលនៅតែមានច្រើន ហើយនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ បច្ចុប្បន្នប្រជាជនក្នុងពិភពលោកមានចំនួន 7 ពាន់លាននាក់ ហើយនៅត្រឹមឆ្នាំ 2040 អត្រាប្រជាជនក្នុងពិភពលោកទំនងជាច្រើនជាង 9ពាន់លាននាក់។ កំណើនប្រជាសាស្ត្រសកលនឹងត្រូវការថាមពលដែលមិនត្រឹមតែមានតម្លៃសមរម្យដើម្បីជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងលោកប៉ុណ្ណោះទេ ថែមទាំងមិនប៉ះពាល់ដល់បរិស្ថានទៀតផង។ យើងពិចារណាលើសេណារីយ៉ូ 2 អង្សាសេរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA 2°C Scenario) នៅក្នុងយុទ្ធសាស្ត្ររបស់យើង។
ដោយយកចិត្តទុកដាក់លើផ្នែកដែលយើងធ្វើប្រតិបត្តិការ យើងចាត់វិធានការលើគ្រប់ខ្សែសង្វាក់ផលិតផលដែលមានគុណតម្លៃ ដើម្បីកាត់បន្ថយផលប៉ះពាល់របស់យើងចំពោះបរិយាកាស និងលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយទំនួលខុសត្រូវ៖

  • កែលម្អអាំងតង់ស៊ីតេរបស់កាបូនក្នុងល្បាយផលិតកម្មបច្ចុប្បន្នរបស់យើងតាមរយៈ៖ ការអនុវត្តតាមយុទ្ធសាស្ត្រដាច់ខាតចំពោះឧស្ម័ន ទន្ទឹមនឹងការដាក់កំហិតយ៉ាងតឹងរឹងលើការបំភាយសារធាតុមេតាន ការជ្រើសរើស និងការអភិវឌ្ឍគម្រោងប្រេងកាត និងឧស្ម័នប្រកបដោយសុវត្ថិភាព មានទំនួលខុសត្រូវចំពោះបរិស្ថាន និងមានលក្ខណៈប្រកួតប្រជែង ការច្នៃប្រឌិតថ្មី និងការពង្រីកបច្ចេកវិទ្យាចាប់យក ប្រើប្រាស់ និងរក្សាទុកកាបូន។
  • អភិវឌ្ឍថាមពលដែលអាចបង្កើតថ្មីតាមរយៈ៖ ការពង្រីកខ្លួនក្នុងនាមជាអ្នកធ្វើប្រតិបត្តិការថាមពលព្រះអាទិត្យ ដោយពង្រីកសកម្មភាពរបស់យើងទៅតាមខ្សែសង្វាក់អគ្គិសនីសំយោគ រួមមានការចែកចាយ ការបញ្ចូលការរក្សាទុកថាមពលទៅក្នុងអាជីវកម្មរបស់យើង ការអភិវឌ្ឍជីវថាមពល ការលើកកម្ពស់លទ្ធភាពចូលប្រើថាមពលជាដើម។
  • កែលម្អប្រសិទ្ធភាពនៃថាមពលតាមរយៈ៖ ការបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកន្លែងធ្វើការរបស់យើង ការផ្ដល់ដំណោះស្រាយ (ផលិតផល និងសេវាកម្ម) ដើម្បីជំរុញលើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលដោយមានទំនួលខុសត្រូវពីសំណាក់អតិថិជនរបស់យើង។

នេះហើយជាអត្ថន័យនៃពាក្យ “ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យថាមពលកាន់តែប្រសើរឡើង”។